ខោមទុស្សសូត្រកថា
អ្នកអង្គម្ចាស់ស៊ីសុវត្ថិ - កេតសមារ័ក្ស វត្តបទុមវតី ក្រុងភ្នំពេញ


ទេសនាដាក់វិទ្យុឃោសនសព្ទនៃប្រទេសកម្ពុជា កាលពីថ្ងៃ ៨ រោច ខែកត្ដិក ឆ្នាំជូត សំរិទ្ធិស័ក
ព. ស. ២៤៩១ (២៤ - ១១ - ៤៨)

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
ពេលនេះអាត្មាភាពនឹងសម្ដែង "ខោមទុស្សសូត្រ" ផ្សាយតាមវិទ្យុឃោសនសព្ទនៃប្រទេសកម្ពុជា ចែកជូនដល់ទ្រង់នឹងអស់លោកអ្នកទាំងពួង ដើម្បីឲ្យកើតសតិបញ្ញា នឹងសេចក្ដីជ្រះថ្លាដូចមានព្រះ បាលីថា នេសា សភា យត្ថ ន សន្តិ សន្តោ ជាដើម ។

សម័យមួយសម្ដេចព្រះដ៏មានព្រះភាគទ្រង់គង់ក្នុងខោមទុស្សនិគម, វេលាព្រឹក ១ ស្ដេចចូលទៅបិណ្ឌ បាត បានជួបនឹងពួកព្រាហ្មណ៍ ។ មានព្រាហ្មណ៍ ១ នាក់ជានាយកធំក្នុងទីប្រជុំនោះ បានឃើញព្រះ ពុទ្ធ អង្គក៏មានវាចាពោលមើលងាយថា មិនមានជនពួកណាដឹងសេចក្ដីសមាគមរបស់យើងទេ សូម្បី សមណៈនេះក៏មិនដឹង ។ គ្រានោះ សម្ដេចព្រះដ៏មានព្រះភាគទ្រង់ប្រដៅពួកព្រាហ្មណ៍នោះថា នេសា សភា យត្ថ ន សន្តិ សន្តោ ដូច្នេះជាដើម សេចក្ដីថា សប្បុរសអ្នកស្ងប់រៀបរយមិនមានក្នុងពួកឯណា ពួកនោះមិនឈ្មោះថា "សភា" អ្នកណាមិននិយមធម៌ អ្នកនោះមិនឈ្មោះថាសប្បុរស អ្នកដែលលះ រាគៈ ទោសៈ មោហៈ បាន ហើយនិយាយធម៌ បានឈ្មោះថាជាសប្បុរស ។

អធិប្បាយសេចក្ដីថាៈ មនុស្សទាំងឡាយក្នុងលោកមិនរើសថាជាតិណា ភាសាណាទេ សូម្បីនឹងមាន បុណ្យ មានរិទ្ធី ក៏នឹងនៅតាមទំនើងខ្លួនមួយមិនបាន តោងអាស្រ័យអ្នកដទៃ ព្រោះអ្នកនៅក្នុងលោក សន្ធិវាសនេះ រមែងមានកិច្ចការងារទាក់ទងដល់គ្នានឹងគ្នា ដូចមនុស្សនៅក្នុងទូកមួយដូច្នោះ ។ ជាធម្មតារបស់មនុស្សពួកច្រើន រមែងមានសេចក្ដីឃើញរួមគ្នាខ្លះ មនុស្សខ្លះមានអធ្យាស្រ័យល្អ ប្រកប ដោយមេត្តា មនុស្សខ្លះមានអធ្យាស្រ័យកាចប្រាសចាកមេត្តាករុណា មនុស្សយើងមាន ចិត្តផ្សេងគ្នា ដូច្នេះ ទើបជាហេតុឲ្យសំដែងកិរិយាចេញមកឲ្យប្រាកដដល់ភ្នែកលោក ដូចមានពាក្យតិះដៀល នឹង សរសើរថា អ្នកនោះជាមនុស្សមិនល្អ អ្នកនោះជាមនុស្សសភាពរៀបរយ អ្នកនោះជាសម្បត្តិមនុស្សល្អ អ្នកនោះជាសម្បត្តិនៃមនុស្សអាក្រក់ គួរគប់ គួរនិយាយ គួរនិយមរាប់អានដូច្នេះជាដើម ប្រាកដមាន ក្នុងលោកយើងសព្វថ្ងៃនេះ ។ លោកអ្នកជ្រាបស្រាប់ហើយថា មនុស្សពួក ១, គណៈ ១, សមាគម ១, ជាតិ ១, ឬរហូតដល់ផ្សេងជាតិ ផ្សេងភាសា ដែលបានរួមគ្នាទៅនេះ រមែងមានល្អនឹងអាក្រក់ ទៅ ច្រឡូកច្រឡំលាយគ្នាស្មើ ដូច្នេះហើយ ផលក៏គង់មានថា បើគណៈណា ពួកណា សមាគមណា ទីប្រ ជុំណាមានមនុស្សល្អ ជាអ្នកណែនាំជាប្រធាន ពួកជននោះ ៗ រមែងមានរាសីសុវត្ថិភាព ចំរើនដោយ លំដាប់ ចំណែកពួកណា ដែលប្រាសចាកមនុស្សល្អហើយ ពួកនោះ ក៏រមែងរៀបរយ ហោចស្ដួចទៅ កាន់សេចក្ដីវិនាស ហិនហៃជាលំដាប់តែម្ដង ប្រហែលគ្នានឹងទូកដែលគ្មានចង្កូតដូច្នោះ ។ មនុស្សទាំងឡាយអ្នកប្រជុំគ្នា ដោយកិច្ចការនីមួយ ទោះជាគតិលោកក្ដី គតិធម៌ក្ដី ជាធម្មតាទៅឯង ដែលនឹងមានពាក្យជជែកប្រកែកគ្នា កើតជាមាត់ករឡើង ព្រោះមានសេចក្ដីឃើញផ្សេងគ្នា ឬយល់ ផ្សេងគ្នា មនុស្សខ្លះជាមេមានៈទិដ្ឋិរឹង ប្រកាន់សេចក្ដីដឹងឃើញរបស់ខ្លួនជាប្រមាណ សេចក្ដីខុសត្រូវល្អ អាក្រក់យ៉ាងម៉េច ក៏មិនស្ដាប់ពាក្យរបស់អ្នកដទៃឡើយ កាលបើដូច្នេះ ទើបលោកពោលថា បើប្រាស ចាកអ្នកស្ងប់រម្ងាប់ជាគោលជាប្រធានចាំបង្ហាញសេចក្ដីខុស ត្រូវដាស់តឿន ណែនាំឬកាត់សេចក្ដី យ៉ាងដាច់ខាតក្នុហងពួកនោះហើយ សេចក្ដីបែកខ្ញែកគ្នា សេចក្ដីវិវាទ សេចក្ដីប្រេះឆាក៏នឹងកើតឡើង ក្នុងទីបំផុត មនុស្សពួកនោះ ក៏ត្រូវប្រាសចាកសេចក្ដីព្រមព្រៀងនូវគ្នានឹងគ្នា នឹងគ្រប់គ្រងរក្សាគ្នាជា ពួកមិនជាប់ មានតែប្រទូសរ៉ាយបៀតបៀនដល់គ្នានឹងគ្នា ដរាបក្លាយទៅជាទោសៈ កើតសេចក្ដីបដិឃៈ ឃ្នាន់ខ្នាញ់មើលមុខគ្នាមិនត្រង់ ។ បើមានសេចក្ដីប្រទូសរ៉ាយគ្នាហើយ ពួកនោះនឹងឈ្មោះថា ជាទីប្រជុំ យ៉ាងដូចម្ដេចបាន ។ ពួកប្រជុំដែលនឹងបាននាមថា សភានោះ ត្រូវមានច្បាប់ទំនៀមទម្លាប់ ដែលត្រូវ តាមធម៌ជាគោល ព្រមដោយលោកអ្នកស្ងប់ស្ងៀមរៀបរយជាប្រធានចាំអធិប្បាយសេចក្ដីខុសត្រូវ ពន្យល់ចង្អុលឲ្យឃើញច្បាស់ ហើយប្រាថ្នារបស់ជាប្រធាន ដើម្បីនឹងដឹកនាំទៅកាន់សាមគ្គី ធម៌ដរាប ទៅ ពួកនោះទើបនឹងឈានជំហាន ដំណើរទៅមុខកាន់សុវត្ថិចំរើនបានប្រាសចាកឧបសគ្គៈផ្សេង ៗ ដែលនឹងចូលមកទទឹងទាស់រារាំង ។
ខនេះគប្បីឃើញក្នុងទីឋាន ប្រជុំនានដែលបាននាមថា សភា ដែលតាំងឡើងក៏មានច្រើន ការដែល ចាប់ឲ្យមានសភានាយក នឹងឧបនាយករហូតដល់សមាជិកនៃសភាជាដើមនេះ ក៏ដើម្បីប្រាថ្នា នឹងធ្វើ ពួកប្រជុំនោះ ៗ ឲ្យឈានជំហានទៅកាន់សេចក្ដីសាមគ្គីព្រមព្រៀងជាមួយគ្នា មិនប្រព្រឹត្ត ដើម្បីកលហ វិវាទ បែកខ្ទាំប្រែះឆាដល់គ្នានឹងគ្នា ទើបសម្ដេចព្រះទសពលជាម្ចាស់ ទ្រង់ឃើញថាមនុស្សមានអធ្យា ស្រ័យល្អ ប្រព្រឹត្តល្អដោយត្រៃទ្វារ អ្នកស្ងប់រៀបរយ ព្រមទាំងប្រកបដោយប្រីជាញាណរមែងជាបន្ទាត់ ឬប្រមុខរបស់គណៈផ្សេង ៗ ដែលប្រជុំគ្នាជាពួកដូច្នោះ ព្រះអង្គទើបបានត្រាស់ពុទ្ធវចនៈ នេះល្មមជា គ្រឿងកំណត់ថា នេសា សភា យត្ថ ន សន្តិ សន្តោ ប្រែសេចក្ដីថាមនុស្សអ្នកស្ងប់រៀបរយមិនមានក្នុង ពួកឯណា ពួកនោះ មិនឈ្មោះថាសភាដូច្នេះ ។
ប្រការមួយទៀត មនុស្សទាំងឡាយ គ្រប់រូប គ្រប់នាម គ្រប់ពួក មិនកំណត់ប្រភេទនឹងភូមិជាន់ថាក្សត្រ ឬ គហបតី សេដ្ឋី រាស្ត្រទេ ក្រណាស់ដែលនឹងដឹងបានថា អ្នកនេះល្អ អ្នកនេះអាក្រក់ តែដូច្នេះក៏មិនមែន ហើយ បើប្រសិនជាអ្នកមានបញ្ញា ប្រើសេចក្ដីសង្កេតមើលកិរិយាមនុស្សទាំងឡាយ គង់សំដែងកិរិយា ឲ្យចេញ មកប្រាកដខាងក្រៅតាមផ្លូវកាយវាចា អាចកំណត់សំគាល់ដឹងបានថា មនុស្សនេះល្អអាក្រក់ អ្នកនេះគំនិតជ្រៅ ឬ អ្នកនេះគំនិតរាក់ សេចក្ដីដឹងជ្រៅ ឬ រាក់ បើពោលជាធម៌ គង់អាងហេតុផល ជា បង្អែក អាចពិសោធឲ្យឃើញសេចក្ដីពិតបាន ជាវាចាដែលត្រូវតាមបណ្ឌិតនិយម មិនកន្លងសម័យ មិន ប្រព្រឹត្តទៅដើម្បីបៀតបៀនខ្លួននឹងអ្នកដទៃ និយាយពាក្យតែសុភាសិតជាពាក្យពិតជាពាក្យប្រកប ដោយមេត្តាចិត្ត ជាពាក្យទន់ផ្អែម ដែលប្រកបដោយប្រយោជន៍ជាផលសម្រេចមកពីសម្មាទិដ្ឋិ សេចក្ដី ឃើញប្រពៃ នឹងសម្មាសង្កប្បោ ដំរិះប្រពៃជាបទដ្ឋាន ។ ប្រការមួយទៀត អ្នកដែលនិយាយសំដី គួរ និយាយកថាវត្ថុ មានអប្បិច្ចកថាជាដើម និយាយដឹកនាំឲ្យមានសេចក្ដីប្រាថ្នាតិច មិនឲ្យមាន សេចក្ដី ប្រាថ្នាច្រើន ដោយប្រកាន់គោលធម៌គឺ អត្តញ្ញូតា សេចក្ដីស្គាល់ប្រមាណខ្លួនជាដើម អ្នកនិយាយធម៌ មានឡាក់ឋាន រមែងបាននាមតាមសាសនវោហារថាជាសប្បុរសគឺមនុស្សល្អ អ្នកដែលនិយាយមិន ចូលជារឿងរ៉ាវ មិនប្រកបដោយអត្ថធម៌ មិនប្រកបដោយប្រយោជន៍ ជាវាចាដែលប្រាសចាកឡាក់ឋាន នឹងរមែងប្រព្រឹត្តទៅដើម្បីបៀតបៀនខ្លួននឹងអ្នកដទៃ ដូចវាចាទាបអាក្រក់ធ្វើអ្នកដទៃ ឲ្យឈឺចិត្តក្ដៅ ក្រហាយ កោសរូសប៉ះពាល់ដល់អ្នកដទៃ ជាខ្សែឈ្នួននៃសេចក្ដីប្រែះឆាបែបទំលាយ ជិតដល់សេចក្ដី ក្រោធ មិនប្រព្រឹត្តទៅដើម្បីសមាធិធម៌ ម្យ៉ាងទៀតសូម្បីអ្នកដែលពោលវាចា កោសរូសជេរត្នះ តិះ ដៀលអ្នកដទៃ ឈ្មោះថាជាអ្នកពោលវាចាមានទោសៈជាគ្នា នៅអែបនែបជាមួយ បុគ្គលអ្នកនិយាយ មិនជាធម៌ ឃើញតែសេចក្ដីល្អ សេចក្ដីត្រូវរបស់ខ្លួនជាប្រមាណ យ៉ាងនេះនឹងឈ្មោះ ថាសម្បុរសដូច ម្ដេចបាន គួរហៅថាសប្បុរស គឺមនុស្សពាលវិញៈ បើទុកជារៀនសូត្រចេះដឹងច្រើនយ៉ាងណាក៏ដោយ ក៏គង់មិនផុតអំពីនាមជាមនុស្សថោកទាប គ្មានសេចក្ដីគិត សេចក្ដីសិក្សា ដំរះចេះដឹង ជាមនុស្សល្ងង់ ខ្លៅគ្មានបញ្ញា ។ លោកអ្នកប្រាថ្នាជាបណ្ឌិត ឬប្រាថ្នាមង្គលសួស្ដីដល់ខ្លួន គួរលះវៀរ កុំគប់សមាគម នឹងមនុស្សដូច្នេះ ព្រោះការនៅរួមដោយមនុស្សចំពូកនេះ ជាហេតុនាំឲ្យកើតទុក្ខទោសជាដរាប សម ដូចពុទ្ធភាសិតចងទុកថាៈ ពាលសង្គត ចារី ហិ ទីឃមទ្ធាន សោចតិ សេចក្ដីថា ជនអ្នកគប់រកមនុស្ស ពាលទាំងឡាយរមែងសោយសោក អស់កាលដ៏យូរ, រាគញ្ច ទោសញ្ច បហាយ មោហំ អ្នកដែលលះ បង់នូវរាគៈ ទោសៈ មោហៈ បានហើយ និយាយជាធម៌ ឈ្មោះថាសប្បុរសយ៉ាងខ្លាំង ។
រួមសេចក្ដីព្រះធម្មទេសនាដូចបានពណ៌នាមកនេះ ជាអត្ថាធិប្បាយក្នុងសោមទុស្សសូត្រ ដោយសង្ខេប ជាអវសានទេសនា កាលព្រះដ៏មានព្រះភាគទ្រង់ទេសនាចប់ហើយ ពួកព្រាហ្មណ៍ក្នុងខោមទុស្សនិគម ក៏នាំគ្នាត្រេកអរទទួលឱវាទ ប្រកាសថ្វាយខ្លួន ជាឧបាសកក្នុងព្រះពុទ្ធសាសនា ដរាបអស់ជិវិតដោយ ប្រការដូច្នេះ ។
រតនយានុភាវេន ដោយអានុភាពនៃព្រះរតនត្រៃ សូមចូលមកជាបដិពាហរោបាយ ការពារបិទបាំងរាំង រាឧបទ្ទវន្តរាយ នឹងរោគាភ័យឧបទ្រពចង្រៃ កុំឲ្យកើតមាន ដល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទាំង ប្រជាជនក្នុងកម្ពុជរដ្ឋទាំងមូល សូមបានដល់នូវការលូតលាស់សួស្តី ប្រកបដោយសេចក្ដីថ្កុំថ្កើងរុងរឿង គ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ឯវំ ។
ចប់
Powered by eSnips.com
 
Make a Free Website with Yola.